តំបន់ទេសចរណ៍ធម្មជាតិ
កោះសំពៅ
មានទីតាំងឋិតនៅទន្លេស្រែពក
ក្នុងភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ
សហគមន៍មូលដ្ឋានក្នុងភូមិ៥ឯកភាពរៀបចំតំបន់ទេសចរណ៍មួយកន្លែងដែលមានឈ្មោះថាទេសចរណ៍ ធម្មជាតិកោះសំពៅ។ កោះសំពៅគឺជាកោះមួយដែលសហគមន៍បានអភិរក្សតាំងពីយូរយារណាស់មកហើយ
ដោយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់កាប់រំលំដើមឈើនៅលើកោះនេះទេ ទើបបច្ចុប្បន្ននេះ ឃើញមានដើម ឈើធំៗ ខ្ពស់ៗជាច្រើននៅលើកោះផ្តល់ជាម្លប់សែនត្រជាក់យ៉ាងត្រឈឹងត្រឈៃគួរចង់អង្គុយលេងកំសាន្ត។
ហេតុអ្វីបានជាហៅថា
“កោះសំពៅ”?
រឿងរ៉ាវកោះសំពៅនេះ គឺមានជាប់ពាក់ព័ន្ធនឹងរឿងក្រពើនេនធន
និងរឿងព្រះវិហារធំសរសរ១០០នៃរឿងនិទានខ្មែរដែលរៀបរាប់អំពីសម័យកាលក្រុងលង្វែកនាសតវត្សទី១៦
ដែលមានព្រះរាជាព្រះនាមចន្ទរាជា ឬអង្គចាន់ទី១។ ព្រះអង្គមានបុត្រីមួយអង្គព្រះនាម
វរភក្ត្រ ឬព្រះនាងក្រពុំឈូក ដែលត្រូវបានក្រពើនេនធនលេបចូលក្នុងពោះ ហើយគេចខ្លួនតាមដងទន្លេមេគង្គ
រហូតចូលតាមទន្លេស្រែពកដើម្បីសំងំលាក់ខ្លួន។ ព្រះរាជា នឹងទព័របស់ព្រះអង្គជាច្រើនបានជិះសំពៅ
ទូកតូចធំ ផ្ទុកទៅដោយស្បៀង និងបន្លែ ជាច្រើនសម្រាប់ផ្គត់ផ្គង់ទ័ពក្នុងពេលតាមចាប់ក្រពើនេនធនដើម្បីសង្គ្រោះបុត្រីបណ្តូលចិត្តរបស់ព្រះអង្គ
លុះសំពៅធ្វើដំណើរមកដល់ចំនុចមួយត្រង់ឃុំសេរីមង្គល សំពៅព្រះរាជាក៏ជាប់គឿងទៅមុខមិនរួចនៅចំកណ្តាលទន្លេស្រែពក ព្រះរាជាក៏បោះបង់សំពៅចោលនៅទីនោះ
ហើយយូរៗទៅសំពៅដ៏ធំនេះ ក៏បានក្លាយទៅជាកោះធំមួយដែលអ្នកភូមិសម័យនោះឲ្យឈ្មោះ ថា កោះសំពៅ(តាមសំដីដកស្រង់ពីចាស់ទុំក្នុងតំបន់)។ រហូតមកដល់ពេលនេះ
លើកោះមិនមានមនុស្សរស់នៅទេ តែយើងឃើញមានដើមស្វាយ ល្មៀត ស្លឹកគ្រៃ ម្តេង និងបន្លែសម្រាប់ផ្សំធ្វើម្ហូបជាច្រើនមុខទៀតនៅលើកោះសំពៅនេះដ៏ស្អាតនេះ។
តើមានអ្វីពិសេស
និងអាចធ្វើអ្វីបាននៅតំបន់ទេសចរណ៍ធម្មជាតិកោះសំពៅនេះ?
នៅលើកោះសំពៅមានដើមឈើតូចធំជាច្រើនគួរជាទីគយគន់
ហើយលោកអ្នកអាចដើរកំសាន្តជុំវិញកោះ ជិះទូកលំហែរទស្សនាទេសភាពតាមដងទន្លេ ស្ទួចត្រី
ហែលទឹកលេង ស្តាប់តន្ត្រីធម្មជាតិពិតៗ
និងភ្លក់រសជាតិម្ហូបដែលជាស្នាដៃរបស់អ្នកភូមិក្នុងតំបន់ផ្ទាល់។
តើតំបន់ទេសចរណ៍ធម្មជាតិកោះសំពៅនៅកន្លែងណា?
យើងអាចធ្វើដំណើរពីក្រុងបានលុងឆ្ពោះទៅស្រុកកូនមុំតាមផ្លូវជាតិ៧៨
លុះមកដល់ទីរួមស្រុកកូនមុំ
ហើយបត់ឆ្វេងតាមផ្លូវក្រាលក្រួសក្រហមនៅខាងឆ្វេងដៃ ជាប់នឹងរបងមណ្ឌលសុខភាពស្រុក។ លោកអ្នកត្រូវធ្វើដំណើរតាមផ្លូវលំនេះ
ឆ្ពោះទៅមាត់ទន្លេស្រែពក ដែលចំណាយពេលប្រមាណ៣០នាទី។ ក្នុងពេលធ្វើដំណើរ
លោកអ្នកនឹងប្រទះឃើញស្លាកបង្ហាញផ្លូវឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិកោះសំពៅ ដ៏សែនស្រស់ស្អាតនេះ។ បើលោកអ្នកមានបញ្ហា
ឬវង្វេងផ្លូវ សូមទាក់ទងកមកលេខ ០៨៨ ៨ ០៤៣ ៦៩១។
សូមកុំភ្លេចណា
សូមមកកំសាន្តនៅតំបន់ទេសចរណ៍ធម្មជាតិកោះសំពៅ !
(ប្រវត្តិនៃកោះសំពៅនេះ សរសេរតាមការរៀបរាប់របស់ចាស់ទុំភូមិក្នុងតំបន់ បើមានការខុសឆ្គង ឬមិនត្រឹមត្រូវ សូមជួយកែតម្រូវផង)
គេហៅកោះនោះថា "កោះសំពៅ" ដោយសារពេលដេញតាមក្រពើនេនធន់ សំពៅទាំងអស់មិនអាចធ្វើដំណើរទៅមុខទៀតបាន ព្រោះទឹកជួរ ហូរខ្លាំងពេក និងបានចងសំពៅទុកនៅកោះនេះ។ ក្នុងសម័យ "ភ្នងបះ" (អាចក្នុងរជ្ជកាលព្រះបាទអង្គឌួង) ដែលមានមេកន្ទ្រាញភ្នងម្នាក់បានតាំងខ្លួនជាស្តេច និងបានហៅខ្លួនឯងថា "ស្តេចអ៊ុង" កោះនេះគឺជាទីជម្រករបស់អ្នកភូមិស្រែអង្គ្រង ដែលបានរត់ភៀសខ្លួនពីការតាមចាប់របស់ក្រុមភ្នង។ ក្រោមកទៀត ដោយសារតែលើកោះនេះពុំមានដីអាចធ្វើស្រែបាន ពួកគាត់ក៏ចាកចេញពីកោះមកតាំងទីលំនៅនៅភូមិស្រែអង្រ្គងបច្ចុប្បន្ននេះ។ ស្លឹកគ្រៃ ល្មៀត រំដេង ...... នៅលើកោះនោះ គឺសល់តាំងពីជំនាន់នោះ។
ReplyDelete