Friday, April 5, 2013

តំបន់ទេសចរណ៍ធម្មជាតិ



តំបន់ទេសចរណ៍ធម្មជាតិ កោះសំពៅ
មានទីតាំងឋិតនៅទន្លេស្រែពក ក្នុងភូមិ៥ ឃុំត្រពាំងច្រេស ​ស្រុកកូនមុំ

សហគមន៍មូលដ្ឋានក្នុងភូមិ៥ឯកភាពរៀបចំតំបន់ទេសចរណ៍មួយកន្លែងដែលមានឈ្មោះថា​ទេសចរណ៍ ធម្មជាតិកោះសំពៅ។ កោះសំពៅគឺជាកោះមួយដែលសហគមន៍បានអភិរក្ស​តាំងពីយូរ​យារ​ណាស់មកហើយ ​ដោយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់កាប់រំលំដើមឈើនៅលើកោះនេះទេ ទើប​បច្ចុប្បន្ននេះ ឃើញមានដើម ឈើធំៗ ​ខ្ពស់ៗជាច្រើននៅលើកោះផ្តល់ជាម្លប់សែនត្រជាក់​យ៉ាង​ត្រឈឹង​ត្រឈៃគួរ​ចង់​អង្គុយលេងកំសាន្ត។

ហេតុអ្វីបានជាហៅថា “កោះសំពៅ”?
រឿងរ៉ាវកោះសំពៅនេះ គឺមានជាប់ពាក់ព័ន្ធនឹងរឿងក្រពើនេនធន និងរឿងព្រះវិហារធំ​សរសរ​១០០​នៃ​រឿង​និទានខ្មែរដែលរៀបរាប់អំពីសម័យកាលក្រុងលង្វែកនាសតវត្សទី១៦ ដែលមានព្រះ​រាជា​​ព្រះនាម​ចន្ទរាជា ឬ​អង្គចាន់ទី១។ ព្រះអង្គមានបុត្រីមួយអង្គព្រះនាម ​វរភក្ត្រ ឬព្រះនាងក្រពុំឈូក ដែលត្រូវបានក្រពើ​នេនធន​លេបចូលក្នុងពោះ ហើយគេចខ្លួនតាមដងទន្លេមេគង្គ ​រហូតចូលតាមទន្លេ​ស្រែពកដើម្បី​សំងំលាក់ខ្លួន​។ ព្រះរាជា នឹងទព័របស់ព្រះអង្គជាច្រើនបានជិះសំពៅ ទូកតូចធំ ផ្ទុកទៅ​ដោយស្បៀង និងបន្លែ ​ជាច្រើន​សម្រាប់​ផ្គត់ផ្គង់ទ័ពក្នុងពេលតាម​ចាប់​​ក្រពើ​នេនធនដើម្បីសង្គ្រោះ​បុត្រី​បណ្តូលចិត្តរបស់ព្រះអង្គ លុះសំពៅ​ធ្វើដំណើរ​មកដល់ចំនុច​មួយត្រង់ឃុំសេរីមង្គល សំពៅ​ព្រះរា​ជាក៏​ជាប់គឿងទៅមុខមិនរួចនៅ​ចំកណ្តាល​ទន្លេ​ស្រែពក ​ព្រះរាជាក៏បោះបង់សំពៅចោលនៅទីនោះ ហើយ​យូរៗ​ទៅសំពៅដ៏ធំនេះ ក៏បានក្លាយទៅ​ជាកោះ​ធំមួយ​ដែលអ្​នក​​ភូមិសម័យនោះឲ្យឈ្មោះ ថា កោះ​សំពៅ(តាមសំដីដកស្រង់ពីចាស់ទុំក្នុងតំបន់)។ ​រហូតមក​ដល់​ពេល​នេះ លើកោះមិនមាន​មនុស្ស​រស់នៅទេ តែយើងឃើញមាន​ដើម​ស្វាយ ល្មៀត ស្លឹកគ្រៃ ម្តេង និងបន្លែសម្រាប់​ផ្សំ​ធ្វើម្ហូបជាច្រើន​មុខទៀតនៅលើកោះសំពៅនេះដ៏​ស្អាត​នេះ។

តើមានអ្វីពិសេស និងអាចធ្វើអ្វីបាននៅតំបន់ទេសចរណ៍ធម្មជាតិកោះសំពៅនេះ?
នៅលើកោះសំពៅមានដើមឈើតូចធំជាច្រើនគួរជាទីគយគន់ ​ហើយលោកអ្នកអាច​ដើរ​កំសាន្តជុំ​វិញកោះ ជិះទូកលំហែរទស្សនាទេសភាពតាមដងទន្លេ ស្ទួចត្រី ហែលទឹកលេង ស្តាប់​​​តន្ត្រីធម្មជាតិពិតៗ និងភ្លក់រស​ជាតិម្ហូបដែលជាស្នាដៃរបស់អ្នកភូមិក្នុងតំបន់ផ្ទាល់។

           
          តើតំបន់ទេសចរណ៍ធម្មជាតិកោះសំពៅនៅកន្លែងណា?
យើងអាចធ្វើដំណើរពីក្រុងបានលុងឆ្ពោះទៅស្រុកកូនមុំតាមផ្លូវជាតិ៧៨ លុះមកដល់​ទីរួម​​​ស្រុក​កូនមុំ ហើយបត់ឆ្វេងតាមផ្លូវក្រាលក្រួសក្រហមនៅខាងឆ្វេងដៃ ជាប់នឹងរបងមណ្ឌល​សុខភាព​ស្រុក។ លោក​អ្នក​ត្រូវធ្វើដំណើរតាមផ្លូវលំនេះ ឆ្ពោះទៅមាត់ទន្លេស្រែពក ​ដែលចំណាយ​ពេល​ប្រមាណ៣០នាទី។ ក្នុង​ពេលធ្វើដំណើរ លោកអ្នកនឹងប្រទះឃើញស្លាកបង្ហាញផ្លូវ​ឆ្ពោះទៅ​កាន់​តំបន់ទេសចរណ៍ធម្មជាតិ​កោះ​សំពៅ ដ៏សែនស្រស់ស្អាតនេះ។​ បើលោកអ្នកមានបញ្ហា ឬវង្វេង​ផ្លូវ សូមទាក់ទងកមកលេខ ០៨៨ ៨ ០៤៣ ៦៩១។
 


សូមកុំភ្លេចណា សូមមកកំសាន្តនៅតំបន់ទេសចរណ៍ធម្មជាតិកោះសំពៅ !
(ប្រវត្តិនៃកោះសំពៅនេះ សរសេរតាមការរៀបរាប់របស់ចាស់ទុំភូមិក្នុងតំបន់ បើមានការខុសឆ្គង ឬមិនត្រឹមត្រូវ សូមជួយកែតម្រូវផង)